ទិវាអន្តរជាតិប្រឆាំងការរើសអើងអ្នកស្រលាញ់ភេទដូចគ្នា អ្នកកែភេទ និងអ្នកស្រលាញ់ទាំងពីរភេទ ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២១៖ សេចក្ដីថ្លែងការណ៍របស់តំណាងជាន់ខ្ពស់ ឯកឧត្តម Josep Borrell តាងនាមឱ្យសហភាពអឺរ៉ុប

16.05.2021

Everyone is born free and equal in dignity and rights. On the International Day against Homophobia, Transphobia and Biphobia (IDAHOT), the European Union reaffirms its strong commitment to respect, protect and promote the full and equal enjoyment of human rights of lesbian, gay, bisexual, transgender and intersex (LGBTI) persons.

 មនុស្សគ្រប់រូបកើតមកមានសេរីភាព ព្រមទាំងសេចក្ដីថ្លៃថ្នូរ និងសិទ្ធិស្មើៗគ្នា។ ក្នុងទិវាអន្តរជាតិប្រឆាំងការ រើសអើងអ្នកស្រលាញ់ភេទដូចគ្នា អ្នកកែភេទ និងអ្នកស្រលាញ់ទាំងពីរភេទ (ហៅកាត់ថា IDAHOT) សហភាពអឺរ៉ុប សូមគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តខ្ពស់របស់ខ្លួនក្នុងការ គោរព ការពារ និងលើកកម្ពស់ការទទួលបានសិទ្ធិមនុស្ស ពេញលេញដោយស្មើភាពគ្នារបស់ស្ត្រីស្រឡាញ់ស្ត្រី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរយេនឌ័រ និងអ្នកដែលមានអន្តរភេទ (ហៅថាអ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBTI)

 

នៅជុំវិញពិភាពលោក មនុស្សនៅតែបន្តប្រឈមនឹងអំពើហិង្សា ការផាត់ចេញ និងការរើសអើងជារៀងរាល់ថ្ងៃ ព្រោះតែនិន្នាការភេទ និងអត្តសញ្ញាណយេនឌ័រ​ ឬលក្ខណៈភេទពិតប្រាកដរបស់ពួកគេ ឬទៅតាមការយល់ឃើញ។​ សហភាពអឺរ៉ុបនៅតែមានការព្រួយបារម្ភជាពិសេស ព្រោះថានៅក្នុងប្រទេស​ចំនួន ៦៩ ទំនាក់ទំនងភេទដូចគ្នា ដែលមានការឯកភាពពីភាគីទាំងពីរ ត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ដោយក្នុងនោះមានប្រទេសចំនួន ១១ នៅបន្តមានច្បាប់ដាក់ទោសប្រហារជីវិត សម្រាប់ការស្រឡាញ់ភេទដូចគ្នា។

 

ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ នាំឱ្យមានករណីអំពើហិង្សា និងការរើសអើងកាន់តែខ្លាំង​ឡើង ចំពោះ អ្នកស្រឡាញ់ភេទដូចគ្នា ដូចជា អំពើហិង្សាក្នុងគ្រួសារ ការប្រើពាក្យសម្ដីដែលនាំឱ្យមានការស្អប់ខ្ពើមគ្នាទាំងក្នុងប្រព័ន្ធ អនឡាញនិងក្នុងជីវិតពិត និងការប្រព្រឹត្តបទល្មើសដោយសារតែការស្អប់ខ្ពើម។ ជារឿយៗ អ្នកស្រឡាញ់ភេទដូចគ្នា ជួបប្រទះនឹងការមាក់ងាយ និងការរើសអើងក្នុងការទទួលបានសេវាសុខភាព។ លើសពីនេះ ការរាតត្បាតជាសកល ក៏ នាំឱ្យលំហរបស់ពលរដ្ឋត្រូវរួមតូច និងនាំឱ្យមានការកើនឡើងនូវការចាប់ខ្លួននិងការឃុំខ្លួនតាមទំនើងចិត្ត ការវាយប្រហារ​មកលើរូបរាងកាយ និងការប៉ះទង្គិចផ្លូវចិត្តដល់អ្នកការពារសិទ្ធិមនុស្ស ដែលចេញមុខការងារសិទ្ធិរបស់អ្នកស្រឡាញ់ ភេទដូចគ្នា។ ទង្វើទាំងនេះ គឺជាទង្វើដែលពុំអាចទទួលយកបានឡើយ ហើយសហភាពអឺរ៉ុបសង្កត់ធ្ងន់ពី សារៈសំខាន់ នៃការបញ្ចប់និទណ្ឌភាព។

 

សហភាពអឺរ៉ុបធ្វើសកម្មភាពនៅទូទាំងសកលលោក ដើម្បីទប់ស្កាត់ និងថ្កោលទោសរាល់ទម្រង់នៃការរើសអើង ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដូចជា អំពើហិង្សាដែលបង្កឡើង ដោយសារការស្អប់អ្នកស្រឡាញ់ភេទដូចគ្នា អ្នក ស្រឡាញ់ទាំងពីរភេទ និងអ្នកប្ដូរយេនឌ័រ ជាដើម ហើយក្នុងពេលជាមួយគ្នា ខិតខំលើកកម្ពស់លទ្ធភាពរបស់អ្នកស្រឡាញ់ ភេទដូចគ្នា ដើម្បីអាចទទួលបានឱកាសស្មើភាពគ្នាក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។ ជាការសំខាន់ណាស់ ដែលត្រូវ តែមានការតតាំង ក្នុង​សកលលោក​ទាំងមូលចំពោះច្បាប់ គោលនយោបាយ និងការអនុវត្តដែលមានចរិតរើសអើង ដូចជា ការចាត់ទុកទំនាក់ទំនងភេទតែមួយដោយមានការយល់ព្រមពីភាគីទាំងពីរ ថាជាបទល្មើសព្រហ្មទណ្ឌជាដើម។ ការ អនុវត្តទាំងនេះក៏ធ្វើឱ្យអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវប្រឈមលើសលប់ចំពោះបញ្ហាគ្មានការងារធ្វើ ការផាត់ចេញពីសង្គម និងភាពក្រីក្រ។

 

សហភាពអឺរ៉ុបនៅតែបន្តបំពេញតួនាទីជួរមុខនៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឱ្យអ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានសិទ្ធិមនុស្សពេញលេញ និងស្នើភាពគ្នា។ សហភាពអឺរ៉ុបលើកកម្ពស់សមភាពនៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃ ជីវិត ទាំងក្នុងទាំងក្រៅក្របខ័ណ្ឌសហភាពអឺរ៉ុប តាមរយៈការបន្តអនុវត្តក្របខ័ណ្ឌគោលនយោបាយទាំងក្នុង ទាំងក្រៅ សហភាពអឺរ៉ុប ជាពិសេស ផែនការសកម្មភាពរបស់សហភាពអឺរ៉ុបស្ដីពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ (២០២០-២០២៤) និងយុទ្ធសាស្រ្តស្ដីពីសមភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា ឆ្នាំ ២០២០-២០២៥ ដែលជាយុទ្ធសាស្រ្តដំបូងបំផុតមិនធ្លាប់មានរបស់គណៈកម្មការអឺរ៉ុប។

 

ស្របគ្នានឹងប្រធានបទសម្រាប់ទិវា IDAHOT នៅឆ្នាំនេះ គឺ “រួមគ្នា៖ តតាំង គាំទ្រ ផ្សះផ្សា!” សហភាពអឺរ៉ុប នឹងបន្តធ្វើការឆ្លើយតប ចំពោះការរើសអើងដោយសារនិន្នាការយេនឌ័រ និងអត្តសញ្ញាណយេនឌ័រ ដោយបង្ហាញឱ្យ ឃើញពីស្ថានភាពងាយគ្រោះរបស់អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងអំឡុងពេលស្ដារឡើងវិញពីវិបត្តិកូវីដ-១៩ និងអំពាវនាវ ឱ្យមានការកសាងសង្គមកាន់តែយុត្តិធម៌ កាន់តែបរិយាបន្ន និងចីរភាព។ សហភាពអឺរ៉ុបនឹងជំរុញឱ្យប្រទេសជាដៃគូ ចូលរួមតាមរយៈកិច្ចពិគ្រោះយោបល់កម្រិតគោលនយោបាយ ក៏ដូចជាបន្តផ្ដល់ការគាំទ្រដល់អង្គការសង្គមស៊ីវិល និង អ្នកការពារសិទ្ធិមនុស្ស ដើម្បីការពារ និងលើកស្ទួយការទទួលបានសិទ្ធិមនុស្សពេញលេញ និងស្មើភាពគ្នារបស់អ្នក ស្រឡាញ់ភេទដូចគ្នា ក៏ដូចជាការគោរពភាពចម្រុះរបស់មនុស្ស។

 

ការធានាសិទ្ធិរបស់បុគ្គលគ្រប់រូប ដើម្បីឱ្យពួកគេមានសេរីភាពជាមនុស្សទៅតាមលក្ខណៈរបស់ពួកគេ និង ស្រឡាញ់អ្នកដែលពួកគេជ្រើសរើស ទាមទារឱ្យមានការអនុវត្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ជារៀងរាល់ថ្ងៃ ពីយើងទាំងអស់គ្នា។